នាថ្ងៃសុក្រ ២ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ កាំបូឌីយ៉ាណា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ និងមានការចូលរួមពីគណៈគ្រប់គ្រងជាន់ខ្ពស់គ្រប់នាយកដ្ឋាន នាយកគ្រប់គ្រងតំបន់ នាយកសាខា និងគ្រប់ផ្នែកជំនាញទាំងអស់នៅការិយាល័យកណ្តាល និងតាមបណ្តាសាខាទាំងអស់ ។
គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការបូកសរុបនូវលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងកំណត់នូវយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តនាឆ្នាំ២០២៤ ដោយកំណត់នូវមូលបទរួម “ ប្រសិទ្ធភាពការងារឆ្ពោះទៅរកគុណភាពឥណទាន “ ។
ទន្ទឹមនឹងនេះដែរ ក្រៅអំពីជំនួបនៃកិច្ចប្រជុំ នាថ្ងៃនេះ ក៏ជាឱកាសដ៏ថ្លៃថ្លាដែលគ្រឹះស្ថានអាចធ្វើការតបស្នង និងបន្ថែមនូវការលើកទឹកចិត្តជូនចំពោះបុគ្គលិកនិយោជិតគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញការងារពេញ០១ឆ្នាំ ២០២៣កន្លងមក តាមរយៈនៃការផ្តល់នូវឱកាសជួបជុំរីករាយ កម្សាន្តសប្បាយរួមគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ភាតរភាពរវាងបុគ្គលិកនិយោជិតទាំងអស់ ស្របតាមវប្បធម៌ការងារដ៏ល្អផូរផង់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ។
