នាថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានប្រារព្ធកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅសណ្ឋាគារ សុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឈុន ស៊ីណា ប្រធាននាយកប្រតិបត្តិ និងដោយមានការចូលរួមពីសំណាក់គណៈគ្រប់គ្រងជាន់ខ្ពស់ នាយកគ្រប់គ្រងតំបន់ នាយកសាខា និងបុគ្គលិកនិយោជិតគ្រប់ផ្នែកជំនាញ គ្រប់តួនាទី ទាំងនៅការិយាល័យកណ្តាល និងតាមបណ្តាសាខាទាំងអស់ ។

 គោលបំណងចម្បងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការបូកសរុបនូវលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងកំណត់នូវយុទ្ធសាស្រ្តសម្រាប់អនុវត្តបន្តនាឆ្នាំ២០២៥ ដោយកំណត់មូលបទរួម   “ ប្រសិទ្ធភាពការងារឆ្ពោះទៅរកគុណភាពឥណទាន “ ។ ក្រៅអំពីការវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៤កន្លងមកនេះ អង្គប្រជុំទាំងមូលក៏នឹងធ្វើការរំលឹកឡើងវិញ ក៏ដូចជាពិភាក្សារួមគ្នាទាក់ទងនឹងយុទ្ធសាស្រ្តឆកោណរយះពេលវែងរបស់គ្រឹះស្ថាន រួមទាំងជំរុញការផ្សព្វផ្សាយអំពីយន្តការទាំង ៨ចំណុច សម្រាប់គាំទ្រមូលបទ   ប្រចាំឆ្នាំ២០២៥ ដើម្បីធានានូវប្រសិទ្ធភាពការងារ និងនិរន្តរភាពអាជីវកម្មរបស់ខ្លួន ។

ទន្ទឹមនឹងនេះដែរក្រៅអំពីជំនួបនៃកិច្ចប្រជុំ នាថ្ងៃនេះក៏ជាឱកាសដ៏ថ្លៃថ្លាដែលគ្រឹះស្ថានអាចធ្វើការតបស្នង និងបន្ថែមនូវការលើកទឹកចិត្តជូនចំពោះបុគ្គលិកនិយោជិតគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្ទាប់ពីបានខិតខំប្រឹងប្រែងបំពេញការងារពេញ០១ឆ្នាំ ២០២៤កន្លងមក តាមរយៈនៃការផ្តល់នូវឱកាសជួបជុំរីករាយ កម្សាន្តសប្បាយរួមគ្នា ដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ភាតរភាពរវាងបុគ្គលិកនិយោជិតទាំងអស់  ស្របតាមវប្បធម៌ការងារដ៏ល្អផូរផង់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី ។